邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ពិព័រណ៍CIIE អាចនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន

2019-11-07 16:01:45 cri

      ​លោក ​ឈួន  ដារ៉ា  ​រដ្ឋលេខាធិការ​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​​ដែល​កំពុង​ចូលរួម​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​ទី​ ២ ​នៅ​ក្រុងសៀងហៃ​បាន​ថ្លែង​កាលពី​ថ្ងៃទី ៦ ខែវិច្ឆិកាថា  ​សង្ឃឹមថា​តាមរយៈ​​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើក​នេះ ​នឹង​ជួយ​ពង្រឹង​និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​​ថែម​មួយ​កម្រិត​ទៀត​។

       លោក​ឈួន  ដារ៉ា  ​​​បាន​ថ្លែងថា  ​កម្ពុជា​ជា​ប្រទេស​កិត្តិយស​មួយ​ក្នុង​ពិព័រណ៍​CIIE​លើកនេះ​​ ​ទ្រង់ទ្រាយ​តាំងពិព័រណ៍​របស់​កម្ពុជា​ធំជាង​លើកមុន ​ហើយ​ចំនួន​​ផលិតផល​ខ្មែរ​ដែលបាន​តាំងពិព័រណ៍​ក៏​ច្រើន​ជាង​លើក​មុន​ដែរ។ ​បន្ទាប់ពី​បាន​ចូលរួម​ពិព័រណ៍​CIIE ឆ្នាំ ២០១៨ ​​កម្ពុជា​បាន​នាំចេញ​​ផលិតផល​កសិកម្ម​​​ខ្មែរ​​ក្នុង​ចំនួន​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​ចិន ​ហើយ​ក៏​ទទួលបាន​ការបណ្តាក់ទុន​​វិនិយោគ​​ពី​ចិន​​ថែម​ទៀត។

      លោកបាន​​បង្ហាញ​ពី​ចំណាប់អារម្មណ៍​​​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​​ខ្លឹមសារ​​សុន្ទរកថា​របស់​​លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិន​ដែលបាន​ថ្លែងក្នុងឱកាស​ពិធី​សម្ពោធ​បើក​។ ​​ ​លោកបានយល់ឃើញថា ​ចិន​បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​និង​ទំនុកចិត្ត​​យ៉ាង​មុតមាំ​​ក្នុង​ការបើកទូលាយ​ដោយមាន​កម្រិត​កាន់តែ​ខ្ពស់។ ​ពិព័រណ៍ CIIE ​លើក​នេះ ​បាន​បន្ត​នូវ​ប្រធានបទ​ “យុគសម័យថ្មី ​ចែករំលែកអនាគត​ជាមួយគ្នា​” ​។ កម្ពុជា​មានបំណង​ដូចគ្នា​នឹង​ប្រធានបទ​​ដែល​លើកឡើងនេះ​ពោលគឺ​  សង្ឈឹមថា​​អាច​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​ជាមួយ​ចិន​ ​ចាប់ដៃ​បង្កើត​អនាគត​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ។​ លោកជឿជាក់ថា ​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​ក៏​នឹង​ជំរុញ​ដល់​ការបង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​​រវាង​អាស៊ាន​និង​ចិន​៕​​

អ្នកបកប្រែ:邓倩

ពិភាក្សា()