邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

សុន្ទរកថារបស់លោក ស៊ី ជីនភីង ថ្លែងក្នុងពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី១៧

2020-11-27 12:02:31

សុន្ទរកថារបស់លោក ស៊ី ជីនភីង ថ្លែងក្នុងពិព័រណ៍ចិន-អាស៊ាននិងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី១៧

សុន្ទរកថា​របស់​លោក​ ស៊ី ជីនភីង ​​ថ្លែង​​ក្នុង​ពិព័រណ៍​ចិន​-អាស៊ាន​និង​កិច្ច​ប្រជុំ​កំពូល​​ធុរកិច្ច​និង​វិនិយោគ​ចិន​-អាស៊ាន​លើក​ទី​១៧

 

ថ្នាក់​ដឹកនាំ​នៃ​​ប្រទេស​នានា​ 

ភ្ញៀវកិត្តិយស​គ្រប់រូប

អស់លោក​​  លោកស្រី និង​មិត្តភក្តិ​គ្រប់រូប​៖

    ក្នុងឱកាស​សម្ពោធ​បើក​ពិព័រណ៍​ចិន​-អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​ចិន​-អាស៊ាន​លើក​ទី​១៧​ ​ខ្ញុំ​សូមតាង​នាម​រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​ ​ព្រម​និង​ក្នុង​នាម​​ខ្លួន​ខ្ញុំ​ផ្ទាល់​ ​ សូមសំដែង​ការស្វាគមន៍​យ៉ាងកក់ក្តៅ​និង​ការ​សួរសុខទុក្ខ​ដ៏ស្មោះត្រង់​ចំពោះ​ភ្ញៀវកិត្តិយស​គ្រប់រូប​។

ពិព័រណ៍​ចិន-អាស៊ាន​លើក​នេះ​ធ្វើ​ក្រោម​ប្រធានបទ​រួមគ្នា​កសាង​ខ្សែក្រវាត់​និង​ផ្លូវ​ ​រួមគ្នា​កសាង​សេដ្ឋកិច្ច​ឌីជីថល​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ឌីជីថល​រវាង​​ចិន​-អាស៊ាន​កាន់​តែ​ស៊ីជម្រៅ ជំរុញ​ការ​រួមគ្នា​កសាង​ខ្សែក្រវាត់​និង​ផ្លូវ​ឱ្យ​វិវឌ្ឍ​រីកចម្រើន​​ដោយ​គុណភាព​ខ្ពស់​ ​ដើម្បី​បំពេញ​បន្ថែម​កម្លាំង​ចលករ​ដល់​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​សង្គម​នៃ​ភាគី​ទាំង​២។​

ឆ្នាំ​២០១៣ ខ្ញុំ​បាន​លើក​ឡើង​ថា​ រីករាយ​រួម​គ្នា​កសាង​ផ្លូវ​សូត្រ​សមុទ្រ​ក្នុង​សតវត្សរ៍ទី​២១​​ជា​មួយ​ប្រទេស​អាស៊ាន​ ចាប់​ដៃ​គ្នា​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ដែល​កាន់​តែ​ជិត​ស្និទ្ធ​។​

៧​ឆ្នាំ​មក​នេះ ​ការ​តភ្ជាប់​គ្នា​រវាង​ភាគី​ទាំង​២​បាន​ត្រូវ​ពន្លឿន​ឥតឈប់ឈរ​ ​ទំនាក់ទំនង​​សេដ្ឋកិច្ច​កាន់​តែ​ស៊ីជម្រៅ​ ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​កាន់​តែ​​លឿន​ ​ការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​មនុស្សជាតិ​កាន់​តែ​ជិត​ស្និទ្ធ ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​អាស៊ាន​បាន​ក្លាយ​ទៅជា​គំរូ​ជោគជ័យ​និង​មាន​ភាព​រស់រវើក​បំផុត​ក្នុង​កិច្ចសហប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ព្រម​និង​ក្លាយទៅ​ជា​គំរូ​ដ៏​រស់រវើក​នៃ​ការ​​ជំរុញ​ការ​កសាង​សហគមន៍​រួម​វាសនា​តែមួយ​។​

    ប្រឈមមុខ​នឹង​ការ​ផ្ទុះ​ឡើង​ភ្លាមៗ​នៃ​ជំងឺ​កូវីដ​១៩​នៅ​ឆ្នាំ​២០២០ ​ភាគី​ទាំង​២​ជួយ​គ្នា​ទៅវិញទៅមក ​រួមគ្នា​ពុះពារ​ឧបសគ្គ​ ព្រម​និង​ឈាន​ដល់​គំនិត​ឯកភាព​សំខាន់​ៗ​ជា​ច្រើន​ ចែក​រំលែក​បទពិសោធន៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩ ​ជំរុញ​ការ​ផ្គត់​ផ្គង់​សម្ភារៈប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ​ធ្វើកិច្ចសហប្រតិបត្តិការ​ខាង​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង ​រួមគ្នា​គាំពារ​ស្ថិរភាព​នៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​​និង​ខ្សែ​សង្វាក់ផ្គត់​ផ្គង់​ក្នុង​តំបន់​​ជាដើម។

      បច្ចុប្បន្ន​នេះ ពិភពលោក​​កំពុង​ជួប​នឹង​​បម្រែ​បម្រួល​ស្ថានការណ៍​យ៉ាង​ខ្លាំង​ដែល​មិនធ្លាប់មាន​ក្នុង​រយៈពេល​មួយ​រយ​ឆ្នាំ​មក  ​ ​ពហុប៉ូលភាវូបនីយកម្ម​​នៃ​​ពិភពលោក ​ ​​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​​​   ​ព័ត៌មានភាវូបនីយកម្ម​​​សង្គម ​និង​​វប្បធម៌ពិពិធកម្ម  ​កំពុង​អភិវឌ្ឍ​កាន់តែ​ស៊ី​ជម្រៅ   ​ជោគវាសនា​របស់​​ប្រជាជន​គ្រប់​ប្រទេស​​​ផ្សារភ្ជាប់គ្នា​យ៉ាង​​ស្អិត​​ល្មួត​ជាង​ពេល​ណាៗទាំង​អស់។  ​ក្រោម​ស្ថានការណ៍​ថ្មី​  ​ភាគី​ចិន​ចាត់ទុក​អាស៊ាន​ជា​ទិសដៅ​អាទិភាព​​ផ្នែក​ការទូត ​និង​ជា​តំបន់​​​សំខាន់​នៃ​ការរួមគ្នា​កសាង​ “ខ្សែ​ក្រវាត់​និង​ផ្លូវ”​ប្រកប​ដោយ​គុណភាព​ខ្ពស់  ​ចិន​គាំទ្រ​ការកសាង​​សហគមន៍​​រួម​វាសនា​អាស៊ាន  ​គាំទ្រ​​ឋានៈ​ស្នូល​របស់​អាស៊ាន​​ក្នុង​កិច្ច​សហប្រតិបត្តិការ​អាស៊ី​បូព៌ា​   ​គាំទ្រ​​អាស៊ាន​ដើរតួនាទី​កាន់តែ​ធំ​​ក្នុង​ការបង្កើត​​ក្របខ័ណ្ឌ​តំបន់​បែប​បើកទូលាយ ​និង​ប្រកប​ដោយ​​បរិយាប័ន្ន​។

 

      ក្រោម​ការណែនាំ​នៃ​ «​ទស្សនទាន​ឆ្នាំ២០៣០​នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-អាស៊ាន​»  ​ភាគី​ចិន​​មាន​ឆន្ទៈ​​រួមជាមួយ​អាស៊ាន​  ​​ជំរុញ​កិច្ចសហប្រតិបត្តិការ​​គ្រប់វិស័យ  ​​រក្សា​ភាពល្អប្រសើរ​នៃ​​ការអភិវឌ្ឍ​​​ក្នុង​តំបន់ ​ដើម្បី​កសាង​​សហគមន៍​រួម​វាសនា​រវាង​​ចិន​និង​អាស៊ាន​​ដែល​កាន់តែ​ជិតស្និទ្ធ​។ ​​ខ្ញុំ​សូម​លើកឡើង​សេចក្តីផ្តួចផ្តើម​ ៤ ​ចំណុច៖  ​

 

      ទីមួយ  ​លើក​កម្ពស់​​ការ​កសាង​ទំនុកចិត្ត​​​ផ្នែក​យុទ្ធសាស្ត្រ  ​តភ្ជាប់​ផែនការ​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ស៊ីជម្រៅ។ ​​​ចិន​រីករាយ​រួម​ជាមួយ​អាស៊ាន  ​​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​ក្នុង​រយៈ​ ៥ ​ឆ្នាំ​ខាង​មុខនេះ​ដោយ​អនុលោម​តាម​ ​​« ផែនការ​ប្រតិបត្តិ​​នៃ​សេចក្តីប្រកាស​​រួម​ ស្តីពី​ការអនុវត្ត​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-អាស៊ាន (2021-2025)»​ ,   ​អនុវត្ត​«សេចក្តីថ្លែងការណ៍រួម​ស្តីពី ​កិច្ចសហប្រតិបត្តិការ​តភ្ជាប់​គំនិត​ផ្តួច​ផ្តើម​​ “ខ្សែក្រវាត់​និង​ផ្លូវ​”​ ជាមួយ <ផែនការ​មេ​នៃ​ការតភ្ជាប់គ្នា​រវាង​អាស៊ាន​ 2025>»  ​ ដើម្បី​កសាង​ច្រក​ពាណិជ្ជកម្ម​ថ្មី​ផ្លូវ​គោក​និង​សមុទ្រ​   ​​បង្កើន​​​កិច្ចសហប្រតិបត្តិការ​​តភ្ជាប់​​គ្នា​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​​ដូចជា ​ផ្លូវដែក ​ផ្លូវ​ថ្នល់  ​កំពង់ផែ  ​ទូរគមនាគមន៍  ជាដើម   ​​ពន្លឿន​​​​ការកសាង​គម្រោង​សំខាន់​និង​របៀង​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់   ​​​និង​បង្កើត​សម្ព័ន្ធ​​ដឹកជញ្ជូន​ពហុ​ទម្រង់​ចិន​-អាស៊ាន​។  ​ ​ឆ្នាំ​ក្រោយ​ជា​​ខួបទី ៣០ ​នៃ​ការបង្កើត​​ទំនាក់​ទំនង​សន្ទនា​ចិន​-អាស៊ាន  ​ភាគី​ចិន​មាន​ឆន្ទៈ​​រួមជា​អាស៊ាន  ​​ ប្រារព្ធ​​សកម្មភាពអបអរសាទរ​មួយ​ចំនួន​  ដើម្បី​​លើក​កម្ពស់​កម្រិត​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ។​​​

 

ទី២ បង្កើនកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចតំបន់ដោយគ្រប់ជ្រុងជ្រោយ ។ ប្រទេសចិន​រីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាននានា ចាត់ទុកខួប១០ឆ្នាំនៃការកសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានជាឱកាស ដើម្បីអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យបានល្អថែមទៀត ។ ភាគីចិនស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ សង្ឃឹមថាអាចចូលជាធរមាន​ក្នុងពេលឆាប់ៗ ។ ភាគីចិនរីករាយខិតខំប្រឹងប្រែងរួមជាមួយភាគីអាស៊ាន ធ្វើឱ្យពាណិជ្ជកម្មមានភាពរលូន ជំរុញការវិនិយោគ បើកទូលាយទីផ្សារទៅវិញទៅមក ជំរុញឱ្យ​ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់​និងខ្សែសង្វាក់តម្លៃ​នៃភាគីទាំងពីរ​រួមបញ្ចូលគ្នាដោយស៊ីជម្រៅ ។

ទី ៣ លើកកម្ពស់​ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ធ្វើឱ្យកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចឌីជីថលមានភាពស៊ីជម្រៅ ។ ឆ្នាំនេះជាឆ្នាំកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចឌីជីថល​ចិន-អាស៊ាន ភាគីចិនរីករាយធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយបណ្តាប្រទេសនានានៃអាស៊ាន ក្តាប់ជាប់កាលានុវត្តភាពនៃបដិវត្តបច្ចេកវិទ្យា​និង​កំណែទម្រង់ផលិតកម្មជុំថ្មី ពង្រីកឧត្តមភាពបំពេញបន្ថែមគ្នា ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ បង្កើតកិច្ចសហប្រតិបត្តិការថ្មីកាន់តែច្រើនខាងវិស័យទីក្រុងវៃឆ្លាត ប្រព័ន្ធ5G វៃឆ្លាតសិប្បនិមិត្ត ពាណិជ្ជកម្មអេឡិចត្រូនិក ទិន្នន័យធំនិងការព្យាបាលជំងឺតាមអនឡាញជាដើម បង្កើនការការពារសន្តិសុខទិន្នន័យនិងការសម្របសម្រួលគោលនយោបាយ ដើម្បីពូនជ្រំកម្លាំងចលករថ្មីកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភាគីទាំងពីរ ។ ភាគីចិនរីករាយកសាងកំពង់ផែព័ត៌មានចិន-អាស៊ានជាមួយអាស៊ាន ជំរុញការតភ្ជាប់គ្នាខាងឌីជីថល និងកសាងផ្លូវសូត្រឌីជីថល ។

 

      ទី ៤ ​ពង្រឹងកិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ១៩ ​បង្កើន​កិច្ចកសាង​សមត្ថភាព​សុខាភិបាល​សាធារណៈ។ ​ភាគីចិន​រីករាយ​រួមជាមួយអាស៊ាន​ធ្វើ​កិច្ច​សន្ទនា​អំពី​គោល​នយោបាយ​ផ្នែកសុខាភិបាល​សាធារណៈ ​ធ្វើ​ឱ្យ​យន្តការ​សហប្រតិបត្តិការ​មាន​សុក្រឹតភាព​ ​ចាប់ដៃគ្នា​ប្រយុទ្ធប្រឆាំងនឹង​កូវីដ១៩​ ​បង្កើន​ការ​ចែករំលែក​ព័ត៌មាន​និង​កិច្ច​សហប្រតិបត្តិការ​ក្នុងការ​​សិក្សា​ស្រាវជ្រាវ ផលិត​និង​ប្រើប្រាស់​ថ្នាំវ៉ាក់សាំង​។​ ​ភាគីចិន​នឹង​គិតគូរជាអាទិភាព​អំពីតម្រូវការ​របស់ប្រទេស​អាស៊ាន​បន្ទាប់​ពី​ថ្នាំវ៉ាក់សាំងត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ ​ដោយ​ផ្តល់​ការ​គាំទ្រ​ខាង​មូលធន​ដល់​មូលនិធិប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ១៩​របស់​អាស៊ាន​ ​រួម​គ្នា​កសាង​ឃ្លាំង​ស្តុកសម្ភារៈបរិក្ខារពេទ្យសម្រាប់​ការ​ឆ្លើយតបជាបន្ទាន់​ ​ព្រម​និង​បង្កើត​យន្តការ​ប្រាស្រ័យទាក់ទងជា​បន្ទាន់​ខាង​សុខាភិបាល​សាធារណៈចិន​-អាស៊ាន​។​

 

      លោក លោកស្រី មិត្ត​គ្រប់​រូប!

      បច្ចុប្បន្ននេះ​ ​ការ​បង្ការ​និងគ្រប់គ្រង​ការ​រីករាលដាលនៃជំងឺកូវីដ១៩​និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេសចិន​ទទួល​បាន​សមិទ្ធផល​ជា​យុទ្ធសាស្រ្ត​ដ៏សំខាន់​ ​ប្រទេសចិន​បាន​ក្លាយទៅ​ជា​អង្គភាពសេដ្ឋកិច្ច​សំខាន់ទី ១ លើពិភពលោក​ ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ​។​ ​នៅពេល​មុននេះ​មិនជាយូរប៉ុន្មាន​ ​កិច្ចប្រជុំពេញអង្គលើក​ទី ៥​ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្តចិន​អាណត្តិទី​ ​១៩ ​បាន​ពិនិត្យពិភាក្សា​និង​អនុម័តលើ​សំណើស្តីពីការ​​កំណត់​ផែនការ​អភិវឌ្ឍន៍​ ​៥ ​ឆ្នាំ​ទី ​១៤​ ​ដោយ​លើក​ឡើង​ថា​ ​គោលដៅ​​ដែល​ធ្វើ​ឱ្យប្រជាជន​មាន​ជីវភាព​​ធូរធារបង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ​នឹង​សម្រេច​តាម​ពេល​កំណត់​ ​នៅឆ្នាំ ២០២១​ ប្រទេសចិន​នឹង​ចាប់ផ្តើមដំណើរ​ថ្មី​នៃ​ការ​កសាង​ប្រទេ​ស​ ​សង្គម​និយម​ទំនើបដោយ​គ្រប់​ជ្រុងជ្រោយ​ ប្រទេសចិន​នឹង​ក្តាប់​ជាប់​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មី​តាម​វិទ្យាសាស្ត្រ​ ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនៈអភិវឌ្ឍ​ថ្មី​ ​បង្កើត​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី​ដែល​ចាត់ទុក​ដំណើរ​​វិលជុំក្នុងស្រុក​ជា​សំខាន់​ ​ហើយ​ដំណើរ​​វិលជុំ​ជាតិ​និងអន្តរជាតិ​ជំរុញ​គ្នា​។​ ​ប្រទេស​ចិន​នឹង​ពង្រីក​ការ​បើកទូលាយ​យ៉ាង​ដាច់ខាតមិនងាករេ​ ​បង្កើន​ការ​ជំរុញ​គ្នា​រវាងសេដ្ឋកិច្ចជាតិនិងអន្តរជាតិ​ ​ជំរុញ​ការ​ងើបឡើងវិញរបស់​ពិភពលោក​​តាមរយៈកា​រស្តារឡើង​វិញ​របស់ប្រទេសចិន​ ​បណ្តាប្រទេស​នានា​លើ​ពិភពលោក​ក្នុងនោះបូករួម​ទាំងប្រទេស​អាស៊ាន​សុទ្ធតែនឹង​ទទួល​បានផលប្រយោជន៍​ពី​ក្នុងនោះ​។​ សម្លឹងមើល​ទៅ​អនាគត​ កិច្ច​​សហប្រតិបត្តិការ​រវាង​ចិននិងអាស៊ាន​នឹង​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​

​    ជាទីអវសាន ​ខ្ញុំសូមជូនពរ​យ៉ាងស្មោះ​ឱ្យ​កិច្ច​ប្រជុំ​លើ​កនេះ​ទទួល​បាន​ជោគជ័យ​យ៉ាងគាប់ប្រសើរ​!

     សូមអរគុណ​!

 

អ្នកបកប្រែ:邓倩

ពិភាក្សា()