邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ក្រសួងការបរទេសចិន៖ចិនយកចិត្តទុកដាក់ខ្ពស់នឹងទំនាក់ទំនងរវាងចិននិងកម្ពុជា នឹងបន្តខិតខំកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា

2021-05-21 17:50:04

 

      ថ្ងៃទី២១ ខែឧសភា  ​​លោក Zhao Lijian ​អ្នកនាំពាក្យ​ក្រសួង​​ការបរទេសចិន​​បាន​ធ្វើជាអធិបតី​ក្នុង​​សន្និសីទ​ការសែត​ជាប្រចាំ​។​​មានអ្នកកាសែតបាន​​សួរ​ថា ​តាម​ការផ្សាយ​ព័ត៌មាន​ ​​​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​«​អនាគត​របស់​អាស៊ី​»​កាលពី​​ថ្ងៃទី២០ ខែឧសភា​ ​​​ជុំវិញ​ការចោទ​​ថា​កម្ពុជា​ពឹងផ្អែក​លើ​ចិន​ដោយ​ហួសកម្រិតពេក​  ​​សម្តេច ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​តប​ថា​​ “បើគ្មាន​ជំនួយ​របស់​ចិន​តើ​ឱ្យ​កម្ពុជា​​ពឹង​នរណា?​”  ​សម្តេច ហ៊ុន សែន ​បាន​បន្ថែម​ទៀតថា ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា  ​ការវិនិយោគ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ចិន​មិនអាច​កង្វះខាត​បានទេ​។ ​តើ​ភាគីចិន​វាយតម្លៃ​យ៉ាង​ណា​អំពី​ប្រការ​នេះ​?

 

      ​លោក Zhao Lijian ​​បាន​ថ្លែងថា  ​ប្រទេសចិន​សូម​កោតសរសើរ​​ការសម្តែង​ឥរិយាបថ​​ពាក់ព័ន្ធ​របស់​សម្តេច​ ហ៊ុន សែន ​។ ​សម្តេច ហ៊ុន សែន ​ជា​អ្នកនយោបាយ​ជើងចាស់​ក្នុង​តំបន់ ​ក៏​ជា​មិត្ត​ល្អ​និង​មិត្តចាស់​ដ៏​គួរឱ្យគោរព​​របស់​ប្រជាជនចិន​ដែរ  ​សម្តេច​មាន​​ប្រាជ្ញា​វាងវី​ខាង​នយោបាយ​និង​ចក្ខុ​វិស័យ​​យុទ្ធសាស្ត្រ​ដ៏​មុតមាំ​​  ​​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​​សត្យានុម័ត​និង​យុត្តិធម៌​​ក្នុង​បញ្ហា​សំខាន់​ៗ ​។ ​សម្តេច​មិនគ្រាន់តែ​បាន​ផ្តល់វិភាគទាន​ដ៏​​លេចធ្លោ​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​​​និង​​ការគាំពារ​សេចក្តីថ្លៃថ្នូរ​របស់ប្រជាជាតិ​ខ្មែរ​តែប៉ុណ្ណោះ​ទេ ​​ថែមទាំង​បាន​ខិតខំ​តស៊ូ​ក្នុង​ការគាំពារ​​ប្រជាធិបតេយ្យ​​នៃ​ទំនាក់​ទំនងអន្តរជាតិ ​សន្តិភាព ស្ថិរភាព ​និង​​វឌ្ឍនភាព​ក្នុង​តំបន់​និង​អន្តរជាតិ​ផងដែរ។​

      លោក ZhaoLijian ​​បាន​គូសបញ្ជាក់ថា   ​ប្រទេស​ចិន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​នឹង​ទំនាក់ទំនងរវាង​ចិន​និង​កម្ពុជា​ ​ប្រទេស​ទាំងពីរ​​បាន​ខិតខំ​ផ្សព្វផ្សាយ​ចំណង​មិត្តភាព​ប្រពៃណី​ ​និង​រួមគ្នា​​កសាង​សហគមន៍​រួម​វាសនា​ចិន-កម្ពុជាយ៉ាងសកម្ម​​។ ​ដូចនឹង​​ប្រសាសន៍របស់​សម្តេច ហ៊ុន សែន  ​​ប្រទេសចិន​​ផ្តល់​ជំនួយ​ឧបត្ថម​ដល់​កម្ពុជា​​ដោយ​ចិត្តស្មោះ​ ​គ្មាន​ភ្ជាប់​លក្ខខណ្ឌ​​​អ្វី​ទេ។ ​ចិន​បាន​ហើយ​នឹង​បន្ត​​ផ្តល់​ជំនួយ​​តាម​លទ្ធភាព​របស់​ខ្លួន​ដល់​ប្រទេស​​កម្ពុជា​ ​ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​និង​កែលម្អ​​​ជីវភាពរស់នៅរបស់​ប្រជាជន​​  ​ដើម្បី​​ឱ្យ​ប្រជាជន​នៃ​​ប្រទេស​ទាំងពីរ​ ជាពិសេស​ប្រជាជន​​​​​កម្ពុជា ​ទទួលបាន​ផលប្រយោជន៍​ប្រាកដប្រជា​ពី​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍គ្នា​រវាង​កម្ពុជា​និង​ចិន៕​​​

អ្នកបកប្រែ:邓倩

ពិភាក្សា()