李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ជោគ​វាសនា​របស់​ខ្ញុំស្ថិត​ក្នុងកណ្តាប់ដៃ​ខ្ញុំ​

2021-08-12 16:23:08

ជោគ​វាសនា​របស់​ខ្ញុំស្ថិត​ក្នុងកណ្តាប់ដៃ​ខ្ញុំ​_fororder_VCG31N1330546028

រឿងរ៉ាវ​នេះ​កើត​ឡើង​នៅក្រុង​តូក្យូ​ប្រទេស​ជប៉ុន ។ កាលពី​ថ្ងៃទី ២៥ ខែ​កក្កដា​ ឆ្នាំ​២០២១  ការ​ប្រកួត​ផ្តាច់​ព្រ័ត្រនៃ​កីឡាលើក​ដុំដែក​បុរសទម្ងន់​​ ៦៧ គីឡូក្រាម​​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាល​កីឡាលើកដុំដែក​​សម្រាប់​ព្រឹត្តិការណ៍កីឡាអូឡាំពិក​ក្រុង​តូ​ក្យូ​ ។  ​លោក​Shen Lijun អត្តពលិក​ចិន​និង​លោក​ Luis Javier​ Mosquera Lozano  អត្តពលិក​កូឡុំប៊ីកំពុង​ប្រកួត​គ្នា​ ដើម្បី​ដណ្តើមយក​មេដាយ​មាសនៃ​វិញ្ញាសា​កីឡា​នេះ​ ។

ការ​ប្រកួតលើក​ដុំដែកដំណាក់កាលទីមួយ​​​បាន​ចាប់​ផ្តើម​ លោក​ Shen Lijun ចាប់​ផ្ដើម​មុន​​  ​ដោយ​ដំបូង​លោក​បាន​​លើក​ទម្ងន់​ ១៤៥ គីឡូក្រាម​ ។ លោក Shen Lijun ធ្វើដំណើរ​មក​លើវេទិកាប្រកួត​​ ចាប់យក​អាំងទ័រ  ប្រើ​កម្លាំង​លើក​អាំងទ័រ​ឱ្យ​ផុតលើ​​ក្បាល​ និង​រក្សា​លំនឹង​រយៈពេល​ ៣ វិនាទី​ ។​ភ្លើងពណ៌ស​​ទាំង​បី​របស់​អាជ្ញាកណ្តាលបាន​ភ្លឺ​ឡើង​ បញ្ជាក់​ថា ការលើកនេះទទួលបានជោគជ័យ​។ ដល់​វេន​​លោក Mosquera Lozano អត្តពលិក​កូឡុំប៊ីឡើងលើ​វេទិកាប្រកួត​។ លោក​បានលើក​ទម្ងន់​ ១៤៨ គីឡូក្រាម​ ព្រមទាំង​ទទួល​បាន​ជោគជ័យ​ផងដែរ​ ។  ក្នុង​ការ​លើក​ដុំដែក​​លើកទី​ពីរ​ លោក ​Shen Lijun  បាន​លើក​ទម្ងន់​ ១៥០ គីឡូក្រាម​ ប៉ុន្តែ​ទទួល​បរាជ័យ​ ។ ចំណែក​ឯលោក​  Mosquera Lozano វិញ​ គាត់​បានលើក​ទម្ងន់​ ១៥១ គីឡូក្រាម ហើយ​ទទួល​បាន​ជោគជ័យ​ថែម​ទៀត​ ។ ពេល​នេះ​​គ្រូ​បង្វឹក​​និង​ក្រុម​ពេទ្យ​នៃ​ប្រទេស​កូឡុំប៊ី​នាំ​គ្នា​ទះដៃ​អបអរសាទរ​យ៉ាង​ខ្លាំង​ ។ 

 ក្នុងការលើក​ដុំដែក​​លើកទី​ ៣ លោក​Shen Lijun ក៏បាន​សាកល្បង​លើក​ទម្ងន់​ ១៥១ គីឡូក្រាម​ផងដែរ​ ប៉ុន្តែ​នៅតែទទួល​​បរាជ័យ​ដដែល ​ ។

   ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​កីឡា​លើក​ដុំដែកបុរស​ទម្ងន់​​ ៦៧​ គីឡូក្រាម​ ​បាន​ចូល​មកដល់​​ដំណាក់​កាលទីពីរ។ លោក​Shen Lijun លើក​ដុំដែក​​មុន​គេ​ ដោយ​​ទទូលបាន​ជោគជ័យ​ក្នុង​ការ​​លើកដុំដែក​ទម្ងន់​១៧៥គីឡូក្រាម​ ។ លោក​  Mosquera​ Lozano ក៏​​ទទួល​បាន​ជោគជ័យ​ក្នុងការ​លើកដុំដែក​ទម្ងន់​ ១៧៥ គីឡូក្រាម​ដូច​គ្នា​ ដោយ​​ប​ន្តនាំ​មុខ​លោក Shen Lijun ចំនួន​​ ៦ គីឡូក្រាម។ ​គ្រូ​បង្វឹក​កូឡំប៊ី​ត្រេកអរ​យ៉ាង​ខ្លាំង​ណាស់​ ដូច​ជា​ទទួលបាន​មេដាយ​មាសរួច​ទៅហើយ​។ 

បន្ទាប់មក​ លោក​  Mosquera Lozano សាកល្បងលើកដុំដែក​​ទម្ងន់​ ១៨០ គីឡូក្រាម​ហើយ​ទទួល​បាន​ជោគជ័យ​ ដោយ​​បាននាំមុខ​លោក​Shen Lijun​ ​ ចំនួន​១១ គីឡូក្រាម ។

“ចប់​ហើយ​ចប់​ហើយ​... “អ្នក​គាំទ្រ​កីឡា​ចិនតាម​អនឡាញ​​បាន​​នាំ​គ្នា​ខមិន​បង្ហាញ​ពី​​ការ​អស់​សង្ឃឹម​ចំពោះលទ្ធផល​នេះ​។

ចំណែក​ឯលោក​Shen Lijun​ ត្រូវបាន​ឡោម​ព័ទ្ធ​ដោយ​ក្រុម​គ្រូ​បង្វឹក​និង​ក្រុម​ពេទ្យ​ប្រទេស​ចិន​ហើយ​ម្នាក់ៗ​សុទ្ធតែ​មាន​ទឹកមុខ​ដ៏​តានតឹង​។

លោក​Shen Lijun នៅ​មាន​ឱកាស​ចំនួន​ពីរ​លើក​ទៀត​ តើ​លោក​អាច​ទទួលបាន​ជោគជ័យ​ដែរទេ ?

១៨៧គីឡូក្រាម!​ លើ​អេក្រង់​បាន​បង្ហាញ​ថា​ លោក​Shen Lijunសាកល្បង​លើកដុំដែក​​ទម្ងន់​ ១៨៧ គីឡូក្រាម!​  ទម្ងន់នេះ​ជា​ទម្ងន់​ដែល​លោក​មិន​ធ្លាប់​លើក​កាលពីមុន​មកទេ ​ហើយ​ថែម​ទាំងលើស​កំណត់ត្រា​​​នៃកីឡាអូឡាំពិកក្នុង​វិញ្ញាសា​លើក​ដុំដែក​ទម្ងន់​​​៦៧គីឡូក្រាមនេះទៀតផង​​ ។

ក្នុងសាល​កីឡាទាំងមូល​ស្រាប់​តែ​មានភាព​​ស្ងៀម​ស្ងាត់។​  មនុស្ស​គ្រប់គ្នា​​នាំគ្នា​​សំឡឹង​មើល​លោក​Shen Lijun ឡើង​លើវេទិកាប្រកួត។

លោក​Shen Lijun​កើត​នៅ​ស្រុកAnhua ខេត្តHunan​ ភាគកណ្តាល​ឆៀងខាងត្បូង​ប្រទេស​ចិន។​ ​នៅ​ទីនោះ ​ធ្លាប់​ជា​ស្រុក​ក្រីក្រកម្រិត​ថ្នាក់​ជាតិ​។​ ឳពុក​របស់​លោក​Shen Lijun​មាន​រាងកាយរឹង​មាំ​ ​ជា​ “ជន​មាន​កម្លាំង​ខ្លាំង​”ដ៏​ល្បីឈ្មោះ​។ ​ឆ្នាំ​២០០៣ ​ក្រុម​កីឡាលើក​ដុំដែក​យុវជន​ក្នុង​តំបន់​​កំពុង​ជ្រើសរើស​សិស្សចូលក្រុម ​ហើយ​មាន​មនុស្ស​បាន​ណែនាំ​ប្រាប់​​​គ្រូបង្វឹក​​Jiang Yilongថា​ ​ មាន​កុមារ​ម្នាក់​មក​ពី​គ្រួសារShen​អាចក្លាយ​ជាកីឡាករ​ដ៏ល្អបាន​។ ​ដូច្នេះ ​​គ្រូបង្វឹកJiang​បាន​ទៅ​ដល់​ផ្ទះគ្រួសារ​​Shen ហើយ​ឃើញ​Shen Lijun​អាយុ​១០​ឆ្នាំ​ ​ពេល​នោះ​ ​​មាន​កម្ពស់​ត្រឹមតែ​១,៣ម៉ែត្រ ​រាងស្គម​និង​តូចល្អិត​។​

គ្រូបង្វឹក​Jiang​បានបង្គាប់ឱ្យ​Shen Lijunលោត​ចម្ងាយ​សាកមើល​។ ​Shen Lijun​លោត​ដោយ​ជើង​ទទេនៅ​លើកម្រាល​បេតុង​ ​ហើយលោត​បាន​ឆ្ងាយ​ណាស់​។ គ្រូបង្វឹកJiang​បាន​យក​ម៉ែត្រ​វាស់វែង​យ៉ាងលឿន​ ​ហើយមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង! ​២,៣៦ម៉ែត្រ! បន្ទាប់​មក ​គ្រូ​បង្វឹក​Jiang​បានបង្គាប់​​ឱ្យ​Shen Lijun​អាវ៉ង់​សាកមើល​​ ​ហើយ​Shen Lijun​អាវ៉ង់​បាន​៥០ភ្លាមៗ​តែម្ដង​ ។ ​ដូច្នេះ ​គ្រូបង្វឹក​Jiang​បាន​ណែនាំ​ឱ្យ​ឳពុក​ម្តាយ​របស់​Shen Lijun​បញ្ជូន​កូន​របស់​​គាត់​ចូល​​ក្រុម​កីឡា​លើក​ដុំដែក​។​ឳពុក​របស់​Shen Lijun​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ ​តែ​ម្តាយ​របស់​Shen Lijun​គិត​ពិចារណា​ជា​ច្រើន​ ​ដោយ​និយាយថា​ ​ ការ​ហាត់​លើក​ដុំដែក​​ពិបាក​ណាស់​ ​ប្រសិន​បើ​គេ​មិន​ទទួល​បានពិន្ទុល្អ​ទេ​​ ​ហើយគេ​មានកម្ពស់ទាបល្អិត​ថែមទៀត​ ​ប្រាកដ​ជា​ពិបាករកមិត្តស្រីហើយ​។​

ដោយហេតុ​នេះ​ ​គ្រូបង្វឹកJiang​បានត្រលប់មកវិញដោយដៃទទេ។​ពីរបីថ្ងៃក្រោយមក ​គ្រូ​បង្វឹក​Jiang​កាន់​តែ​គិត ​កាន់​តែមានអារម្មណ៍ថា ​ ​Shen Lijun​មិន​បាន​ចូល​ហាត់​លើក​ដុំដែក​ពិត​ជា​គួរ​ឱ្យ​ស្ដាយ​ណាស់​។ ​ដូច្នេះ ​គាត់​ក៏​បានរត់ទៅផ្ទះ​គ្រួសារ​Shen​ម្តងទៀត។ ​លើកនេះ ​ក៏​ត្រូវ​បាន​បដិសេធ​ម្តង​ទៀត។

គ្រូ​បង្វឹក​Jiang​ម្នាក់​នេះ​ក៏ជា​មនុស្ស​ដែល​មានចរិត​រឹងរូស​ ​ម្តង​មិន​បាន​ គឺ​ទៅ​ពីរដង ​ពីរ​មិន​បាន​ក៏​ទៅ​បី​ដង​។​ នៅក្នុងវិស្សមកាលរដូវ​ក្តៅ​មួយ ​គាត់​បានទៅផ្ទះរបស់គ្រួសារ​Shen​ចំនួន​៥​ដង​ ដោយ​ធ្វើការងារ​ម្តាយ​របស់​Shen Lijun​ម្តង​ហើយ​ម្តងទៀត​ ​ហើយតប់ទ្រូង​​ ​ធានា​ថា​ ​Shen Lijun​មុខជា​នឹង​ទទួល​បាន​ជោគជ័យ​ក្នុងកីឡា​លើក​ដុំដែក​ ​ជា​មិន​ខាន​! ដោយ​​គិតឃើញ​​ពីជីវភាពក្រីក្រ​របស់​គ្រូសារShen ​ ​គ្រូបង្វឹក​Jiang​ក៏​បាន​សន្យា​ថា​នឹង​មិន​គិត​ថ្លៃ​ចូលរៀន​​ទាំង​អស់​ ពីShen Lijunឡើយ​។ ​Shen Lijun​ក៏​បាន​ អង្វរម្តាយរបស់គាត់ជាមួយ​គ្រូបង្វឹក​។​ដោយហេតុ​នេះ ​ម្តាយរបស់Shen Lijun​ ក៏​ចិត្ត​ទន់​តាម​​សំណូមពររបស់​​កូន​ប្រុស​​ ​ដោយ​យល់​ព្រម​ ​ អនុញ្ញាតឱ្យShen Lijun​ចូលរៀននៅសាលាកីឡាដោយ​បង្ខំចិត្ត​។

ពេល​Shen Linjunចូលរៀន​នៅ​សាលាកីឡា ​គាត់​​ខិតខំ​ហ្វឹកហាត់​ ​ ​ជារៀងរាល់ថ្ងៃ​ ​ដោយ​មកហាត់​មុន​គេ​បង្អស់ និង​ចេញ​ពីហ្វឹកហាត់​ក្រោយ​គេ​បង្អស់​ ​​។​ការ​ហាត់​លើក​ដុំដែក​ ​សោះកក្រោះ​និង​​ពិបាក​ខ្លាំង​ណាស់​ ។ ​គាត់​លើកហើយដាក់​ចុះ​ លើក​ហើយ​ដាក់​ចុះ​រាប់រយដង​ក្នុងមួយថ្ងៃ​ ​ប៉ុន្តែShen Lijun​មិន​ដែលបង្ហាញ​ពី​ការភ័យខ្លាច​ចំពោះការលំបាក​ឡើយ​ ​ហើយ​គាត់ចង់​ទទួល​បាន​លទ្ធផល​ល្អ​​។

ប៉ុន្តែ ​ Shen Lijunចូល​រៀន​សាលាកីឡាមិន​ទាន់​បាន​មួយឆ្នាំ​ផង​ ​ឳពុក​របស់​គាត់​ក៏​ធ្លាក់​ខ្លួន​ឈឺ​។ ក្រៅ​ពីនេះ​​ នៅ​មាន​លោកពូ​ដែល​មាន​ជំងឺ​ហូប​ថ្នាំ​ជាប់​មិន​ដាច់​ ​​និង​លោក​យាយ​ដែល​មានវ័យ​ចំណាស់​ទៅហើយ​​ ធ្វើ​ឱ្យ​​បន្ទុករបស់​គ្រួសារ​ដែល​មានសមាជិក​៥​នាក់​បានធ្លាក់​មក​លើម្តាយ​របស់Shen Lijun​តែម្នាក់ឯង។ ពេល​Shen Lijun​ដឹង​​រឿង​នេះ គាត់​ក៏​​បាន​ចាកចេញ​ពីសាលា​ត្រឡប់​ទៅផ្ទះ​វិញ​ ​ដោយ​មាន​គម្រោង​ឈប់​រៀន​ ​ហើយ​ទៅ​រក​ការងារ​ធ្វើ​។​

គ្រូបង្វឹកJiang​បារម្ភ​ជាខ្លាំង​ ក៏ប្រញាប់ប្រញាល់​ដេញ​តាមរហូត​ទៅដល់​ផ្ទះរបស់Shen Lijun ​ដើម្បី​ធ្វើ​ការងារ​របស់​Shen Lijun​និងម្តាយរបស់គាត់។

បន្ទាប់​ពី​ស្តាប់​ការ​បញ្ចុះបញ្ចូល​របស់​គ្រូបង្វឹក​Jiang ​ម្តាយគ្រួសារ​​Shen​ ​បាន​ជូត​ទឹកភ្នែកហើយ​និយាយថា ​“គ្រូបង្វឹកJiang​កុំបារម្ភ ​ទោះវាលំបាក​យ៉ាងណាក៏ដោយ ​ក៏ខ្ញុំត្រូវ​​ឱ្យ​កូន​ខ្ញុំទៅ​ហាត់​លើក​ដុំដែក​ដែរ​!”

ចាប់​ពី​​ពេលនោះ​មក​ ​ម្តាយគ្រួសារ​Shen​បាន​ទៅ​ក្រុង​Changsha​ទីប្រជុំ​ខេត្ត​Hunan ​ធ្វើការបីកន្លែង​​ក្នុង​មួយថ្ងៃ ចាយ​វាយ​​សន្សំសំចៃ​ ​ដើម្បី​ផ្ញើប្រាក់ទាំងអស់​ដែល​រកបាន​ទៅ​ផ្ទះ។

បន្ទាប់​ពី​ត្រឡប់​ទៅ​សាលា​កីឡា​វិញ ​Shen Lijun​កាន់​តែ​ខិតខំ​ហ្វឹក​ហាត់​។

ឆ្នាំ​២០១០ ​Shen Lijun​ដែល​មាន​អាយុ​១៧​ឆ្នាំ​ បានឈ្នះ​ជើងឯកកីឡា​យុវជន​ពិភពលោក។

នៅឆ្នាំ ២០១៣ លោក Shen Lijunអាយុតែ ២០ ឆ្នាំ ដណ្ដើម​បាន​ជើងឯកក្នុងការ​ប្រកួត​លើក​ដុំដែក​ពិភពលោក។ គាត់បានប្រើប្រាក់រង្វាន់សម្រាប់សងបំណុលដែលគ្រួសាររបស់គាត់បានខ្ចី ​ហើយបានទិញទូទឹកកកទ្វារពីរមួយគ្រឿង​។  ។ នេះ​គឺ​ជាបំណងប្រាថ្នាជាច្រើនឆ្នាំរបស់ឪពុកគាត់ ​។ ជាអកុសល មួយឆ្នាំមុនលោក Shen Lijun ទិញទូទឹកកកមកដាក់​ផ្ទះ​ ឪពុកគាត់ដែលជឿជាក់ថាកូនប្រុសខ្លួនមុខជានឹងយកបាន​ជើងឯកពិភពលោកនោះបានលាចាកលោក​​ដោយសារ​ជំងឺបាត់​ទៅហើយ​។

នៅឆ្នាំ ២០១៥ លោក Shen Lijunទទួលបាន​ជើងឯកក្នុងការប្រកួតលើកដុំដែក​ ពិភពលោក និងបានបំបែកឯតទគ្គកម្មពិភពលោក។

នៅឆ្នាំ ២០១៦ លោក Shen Lijunបានទៅចូលរួមការប្រកួតលើកដុំដែក​អូឡាំពិកនៅក្រុងរីយ៉ូដឺហ្សាណេរ៉ូប្រទេសប្រេស៊ីល។

នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ អ្នកភូមិ ទាំងអស់របស់ លោក Shen Lijun បានជួបជុំគ្នានៅផ្ទះរបស់លោកដើម្បីមើលទូរទស្សន៍ ហើយរង់ចាំមើល​លោក Shen Lijun លើកដុំដែក។ ខណៈពេលនោះ យុទ្ធនាការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនកំពុងដំណើរការដោយគ្រប់ជ្រុងជ្រោយ ហើយកម្រិតជីវភាពរស់នៅរបស់អ្នកភូមិនៅស្រុកAn Huaបានកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។

ប៉ុន្តែនៅពេលដែលគាត់រៀបនឹងឡើង​លើ​វេទិកា​ប្រកួត គាត់ស្រាប់តែរមួល​ក្រពើហើយឈឺចាប់​យ៉ាង​ខ្លាំងដោយ​ទ្រាំមិនបាន។

ដល់ម៉ោងហើយ លោក Shen Lijun បានដើរបុ័ងពៀចទៅ​លើវេទិកាលើកដុំដែក​។ ទឹកមុខរបស់គាត់មានភាពក្រៀមក្រំ។ គាត់បានឆក់ចាប់​និងលើកអាំងទ័រឡើងដោយព្យាយាមអស់ពីសមត្ថភាពដើម្បីលើកវាឡើង ប៉ុន្តែអាំងទ័រនៅមិនទាន់ដល់កម្ពស់ស្មារបស់គាត់ គាត់ក៏​បានទំលាក់​វាចោល រួចដើរចេញពីវេទិកាប្រកួត​ដោយដំណើរ​បុ័ងពៀចដដែល​។

ពេលដែលអ្នកភូមិទាំងអស់ដែលកំពុងមើលការប្រកួតរបស់លោក Shen Lijun តាមទូរទស្ស​ន៍បានឃើញទិដ្ឋភាពបែបនេះ​ ពួកគាត់​ទាំងអស់គ្នា​ទប់ដង្ហើមរក្សាភាពស្ងៀមស្ងាត់​។ ម្តាយរបស់លោក Shen Lijun ឈឺចិត្តយ៉ាង​ខ្លាំង និង​ស្រក់ទឹកភ្នែក។ អ្នកភូមិសម្លឹងមើលទូរទស្សន៍យ៉ាងអន្ទះសាដោយសង្ឃឹមថាអាចទទួលបានព័ត៌មានអ្វី​ផ្សេង​ទៀត​។

ទូរស័ព្ទដៃរបស់ម្តាយលោក Shen Lijun បានបន្លឺឡើង ហើយឮសំឡេងខ្សាវៗ​របស់កូនប្រុសនិយាយ​ថា“ សុំទោស! សុំទោស…”

បន្ទាប់ពីត្រឡប់មកពីទីក្រុងរីយ៉ូវិញ​ លោក Shen Lijun បានហ្វឹកហាត់យ៉ាងខ្លាំង ក្នុង​បំណងចង់ឈ្នះមេដាយមាសអូឡាំពិកវិញនៅការប្រកួតកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០។

កាលពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២១ នៅទីតាំង​ប្រកួតផ្តាច់ព្រ័ត្រ​លើកដុំដែក​បុរស​ទម្ងន់៦៧ គីឡូក្រាម នៃព្រឹត្តិការណ៍អូឡាំពិកតូក្យូ  លោក Shen Lijun បាន​ដើរទៅលើវេទិកាប្រកួតលើកដុំដែក​ដោយឈរយ៉ាងរឹងមាំនៅចំពោះមុខអាំងទ័រ។ លោកស្រែកដោយសំលេងគ្រហឹម រួចអោនចុះហើយឆក់ចាប់​អាំងទ័រដោយមិនស្ទាក់ស្ទើរ។ បន្ទាប់ពីសំឡេងគ្រហឹមម្តងទៀត ​អាំងទ័រត្រូវបានលើកយ៉ាងរឹងមាំនៅកម្ពស់ចង្កេះរបស់លោក បន្ទាប់ទៀត ដៃនិងកដៃរបស់លោកស្រាប់តែបង្វិល ហើយអាំងទ័រត្រូវបានលើកទៅដល់កម្ពស់ស្មារបស់គាត់។

ក្រុម​គ្រូបង្វឹកប្រទេស​ចិននៅក្រៅ​វេទិកា​ប្រកួត​មិនអាចទប់ទល់នឹងអារម្មណ៍រំភើបរបស់ខ្លួន ពួកគេក៏​​ស្រែកយ៉ាងខ្លាំងដើម្បី​បន្ថែម​កម្លាំង​​ចិត្ត​ដែរ​​។ការប្រកួតលើកដុំដែករបៀបបណ្តាក់តម្រូវឱ្យអត្តពលិក​លើកអាំងទ័រឡើង​​លើស​ពីក្បាលរបស់ពួកគេហើយឈរឱ្យត្រង់រយៈពេលបីវិនាទីទើបមានប្រសិទ្ធភាព។ដុំដែក១៨៧គីឡូក្រាមនេះ គឺជាទម្ងន់ដែលមិនដែលមានអត្តពលិកអូឡាំពិកក្នុងកម្រិត​នេះរួមទាំងខ្លួនគាត់ផ្ទាល់ធ្លាប់​សាកល្បង​នោះឡើយ​!

ទីបំផុតលោក Shen Lijun បានបញ្ចប់ការឈរនៅក្នុងរយៈពេលដែលបានកំណត់ ហើយបានរក្សាលំនឹងនេះរយៈពេល ៦ វិនាទី។ ភ្លើងពណ៌សទាំងបីបី​បានបំភ្លឺ​ឡើង។ លទ្ធផលនេះមានប្រសិទ្ធភាព! កំណត់ត្រាអូឡាំពិកថ្មីបានត្រូវបង្កើតហើយ!

លោក Shen Lijunបានបោះអាំងទ័រយ៉ាងខ្លាំងទៅលើវេទិកា​! លោកបានលើកម្រាមដៃចង្អុលស្តាំរបស់គាត់ពីលើ​ក្បាលរបស់គាត់ ពិត​ជា​អស្ចារ្យ​មែន។ គ្រូបង្វឹកក្រុមប្រទេស​ចិនបានរត់យ៉ាងលឿនឡើងលើវេទិកា​ ហើយឱបលោកShen Lijunយ៉ាងខ្លាំងដោយក្ដី​​រំភើបចិត្ត​។

ក្រោយមកបទភ្លេងជាតិប្រទេស​ចិនបានលាន់រំពងនៅក្នុង​កីឡដ្ឋានលើកដុំដែក​នៃកីឡាអូឡាំពិកតូក្យូ។

នៅថ្ងៃបន្ទាប់​ លោក Shen Lijunបានចូល​ទៅ​ក្នុង​គណនី​ Weibo របស់គាត់ ដែលគាត់មិនបានធ្វើបច្ចុប្បន្នភាពអស់រយៈពេលពីរឆ្នាំមក​ហើយ ដោយ​លោកបានសរសេរទុកប្រយោគមួយឃ្លានៅក្នុងនោះថា "នេះគឺជាស្មារតីជនជាតិ​ចិនក្នុងកីឡាលើកដុំដែក​។ ក្រោកឈរតទល់​នឹង​ព្យុះ​ភ្លៀង​ ជោគ​វាសនា​របស់​ខ្ញុំស្ថិត​ក្នុងកណ្តាប់ដៃ​ខ្ញុំ​។

ជោគ​វាសនា​របស់​ខ្ញុំស្ថិត​ក្នុងកណ្តាប់ដៃ​ខ្ញុំ​_fororder_VCG111340624451

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()